កម្ពុជា ពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ១៩៧២ ឬ (The 1972 AFC Asian Cup)

3

បាល់ទាត់កម្ពុជានាមុនសម័យសង្គ្រាមពិតជាមានភាពអស្ចារ្យនឹកស្មានមិនដល់ ពិសេសគឺការបង្ហាញខ្លួនក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ១៩៧២ ឬ (The 1972 AFC Asian Cup)។

នៅដើមទសវត្សរ៍ឆ្នាំ៧០ ប្រទេសកម្ពុជាមានឈ្មោះថា សាធារណរដ្ឋកម្ពុជា ហើយក្រុមបាល់ទាត់ជម្រើសជាតិក៏បានប្រើប្រាស់ឈ្មោះនេះក្នុងវិស័យកីឡាពេលចេញទៅប្រកួតនៅលើឆាកអន្តរជាតិដែរ។​

នៅក្នុងឆ្នាំ ១៩៧២ ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីរៀបចំធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោយប្រទេសអ៊ីស្រាអែលដែលទទួលបានសិទ្ធិជាម្ចាស់ផ្ទះមុន បានសម្រេចដកខ្លួនចេញវិញ។

សម្រាប់ការប្រកួតនៅជុំចុងក្រោយគឺមានតែ ៦ក្រុមប៉ុណ្ណោះ។

មុនឡើងមកលេងជុំចុងក្រោយនេះ AFC រៀបចំឲ្យមានវគ្គជម្រុះតាមតំបន់ ហើយពេលនោះ កម្ពុជាស្ថិតក្នុងតំបន់កណ្តាល ឬ Central Zone។

AFC តម្រូវឲ្យក្រុមនីមួយៗនៅតាមតំបន់ ប្រកួតវគ្គជម្រុះចែកពូល ហើយយកតែ ២ក្រុមប៉ុណ្ណោះគឺ ក្រុមលេខ១ ក្នុងតំបន់ និងក្រុមលេខ២ (Zone Runner-up) ឡើងទៅលេងជុំចុងក្រោយនៅប្រទេសថៃ។

ពេលនោះ កម្ពុជាបានលេខ២ ក្នុងតំបន់កណ្តាល ដោយចាញ់ម្ចាស់ផ្ទះថៃនៅប្រកួតផ្តាច់ព្រ័ត្រ ប៉ុន្តែដោយសារកម្ពុជាជាក្រុម Runner-up ក៏នៅតែបានឡើងទៅលេងជុំចុងក្រោយដដែល។

លុះចូលមកដល់ជុំចុងក្រោយ មានតែ ៦ក្រុមប៉ុណ្ណោះ ហើយក្រុមទាំង៦នេះ សុទ្ធតែចម្រាញ់ចេញពីតាមតំបន់នីមួយៗដោយផ្អែកលើទីតាំងភូមិសាស្ត្រនៃទឹកដីរបស់ខ្លួនក្នុងទ្វីបអាស៊ី។

កាលពីជំនាន់នោះ ពេលចូលមកដល់ជុំចុងក្រោយ AFC មិនបានចាប់ឆ្នោតចែកពូលដូចសម័យទំនើបនេះទេ ប៉ុន្តែ AFC បែរជារៀបចំការប្រកួតស្ទង់កម្រិតសមត្ថភាពមួយដើម្បីថ្លឹងថ្លែង និងចាប់ក្រុមដែលប្រកួតឈ្នះដាក់ពូល A ហើយក្រុមដែលចាញ់ដាក់ពូល B ប៉ុន្តែ ក្រុមដែលឆ្លងផុតវគ្គចែកពូលនេះនឹងឡើងទៅជួបគ្នាដដែល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ ៤ក្រុមចុងក្រោយ។

កាលនោះ កម្ពុជាប្រកួតចាញ់អ៊ីរ៉ង់ ០-២ ក្នុងវគ្គប្រកួតស្ទង់សមត្ថភាព ដូច្នេះក៏ត្រូវបានគេចាប់ដាក់ក្នុងពូល B ជាមួយកូរ៉េខាងត្បូង ដែលប្រកួតចាញ់ដូចគ្នានៅវគ្គស្ទង់សមត្ថភាព ហើយនៅមានគុយវ៉ែតមួយទៀត ដែលស្ថិតនៅក្នុងពូល B ជាមួយកម្ពុជាដែរ។

យ៉ាងណាក៏ដោយ កម្ពុជានៅតែធ្វើបានល្អក្នុងពូល B ថ្វីបើថ្ងៃប្រកួតបើកឆាកដំបូងលេងចាញ់កូរ៉េខាងត្បូង ៤-១ ប៉ុន្តែប្រកួតទី២ យកឈ្នះគុយវ៉ែតវិញដល់ទៅ ៤-០ ហើយដណ្តើមបានកៅអីមួយ ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជាមួយក្រុមលេខ១ ក្នុងពូលគឺក្រុមការពារតំណែងជើងឯកអ៊ីរ៉ង់។

គួរឲ្យសោកស្តាយ កម្ពុជាប្រកួតចាញ់អ៊ីរ៉ង់ត្រឹមតែ ២-១ ប៉ុណ្ណោះ ខណៈដែលម្ចាស់ផ្ទះថៃចាញ់បាល់ ១១ម៉ែត្រកាត់ក្តីកូរ៉េខាងត្បូង ត្រូវធ្លាក់មកប្រកួតដណ្តើមលេខ៣ ជាមួយកម្ពុជា។

ក្នុងវគ្គដណ្តើមលេខ៣ កម្ពុជាប៊ិះនឹងយកឈ្នះម្ចាស់ផ្ទះថៃទៅហើយ ព្រោះនាំមុខ ២-១ រហូតដល់នាទីទី ៩០+១៣ ឯណោះ ទម្រាំតែថៃអាចវាយបកតាមស្មើ នាំឲ្យការប្រកួតឈានដល់ការទាត់បាល់ ១១ម៉ែត្រកាត់ក្តី ហើយម្ចាស់ផ្ទះថៃក៏យកឈ្នះតាមរយៈបាល់ ១១ម៉ែត្រនោះតែម្តងទៅ។

ដោយសាររឿងរ៉ាវនេះកន្លងហួស ៥០ឆ្នាំគត់ទៅហើយ និងពុំអាចរកឯកសារជាក់លាក់ ឬសាក្សីនៅរស់ ទើបគ្មាននរណាដឹងច្បាស់ថា មូលហេតុអ្វីបានជាពេលនោះ អាជ្ញាកណ្តាលសម្រេចផ្តល់ម៉ោងបន្ថែមរបួសដល់ទៅ ១៣នាទី រហូតជួយឲ្យក្រុមម្ចាស់ផ្ទះថៃវាយបកតាមបានស្មើ ២-២។

យ៉ាងណាក៏ដោយ ចាត់ទុកថាវាជាជោគជ័យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាតិ ដែលអាចឡើងទៅដល់វគ្គ ៤ក្រុមចុងក្រោយ និងធ្វើព្យុះធ្វើភ្លៀងខ្លាំងគួរសមនៅអាស៊ី ខណៈដែលបច្ចុប្បន្នវិស័យបាល់ទាត់ជាតិ ទើបតែចាប់ផ្តើមស្តារមុខមាត់ឡើងវិញ ក្រោយធ្លាក់អស់ជាច្រើនទសវត្សរ៍ ដោយសារសង្គ្រាមស៊ីវិលដ៏រុំារ៉ៃអស់ ៤ទសវត្សរ៍កន្លងមកនេះ៕

ប្រភព៖ AFC

The post កម្ពុជា ពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ១៩៧២ ឬ (The 1972 AFC Asian Cup) appeared first on zoo666.

Source: Sport News Zoo666

advanced-floating-content-close-btn