កីឡាករហ្វីលីពីន John Mcleary ប្រាប់មូលហេតុដែលយំ ក្រោយចាញ់ ចាន់ រតនា
កីឡាករហ្វីលីពីន John Mcleary Ornido បានអង្គុយយំក្នុងបន្ទប់ ក្រោយពេលរូបគេចាញ់កីឡាករកម្ពុជា ចាន់ រតនា ក្នុងការប្រកួតល្បុក្កតោអាជីព កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួត៣ទឹកពេញពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅពេលកីឡាករម្ចាស់ស្រុក ចាន់ រតនា មានប្រៀបខាងជំនាញវ៉ៃឈរ ស្របពេល John Mcleary មានជំនាញខាងក្បាច់ឃ្លេ និងបោកផ្តួល។ ទោះបីជាយ៉ាងណា លក្ខន្តិកៈនៃការប្រកួតឲ្យឃ្លេក្រោមបានត្រឹមតែ២០វិនាទីប៉ុណ្ណោះ ដូច្នេះបើធ្វើអ្វីមិនបានទេត្រូវអាជ្ញាកណ្តាលបំបែកឲ្យក្រោកឡើងប្រកួតឈរវិញ។ តាមរយៈការប្រកួតនេះ ចៅក្រមបានសម្រេចឲ្យ ចាន់ រតនា ឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ។
នៅលើសង្វៀនចំពោះមុខអ្នកគាំទ្រ John Mcleary Ornido មិនបានបង្ហាញសញ្ញាអ្វីដែលបញ្ជាក់ពីការមិនពេញចិត្តនឹងលទ្ធផលឡើយ ប៉ុន្តែនៅពេលចូលទៅដល់បន្ទប់ផ្លាស់សម្លៀកបំពាក់ រូបគេបានអង្គុយយំម្នាក់ឯង។ កីឡាករបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា រូបគេយំមិនមែនដោយសារមិនពេញចិត្តនឹងលទ្ធផលដែលចៅក្រមកាត់សេចក្តីទេ ប៉ុន្តែយំដោយសារមិនអាចយកជ័យជម្នះជូនក្រុមគ្រួសារ និងមិត្តភក្តិបាន។
កីឡាករបាននិយាយថា ៖«ពិតណាស់ ការប្រកួតនេះ ខ្ញុំបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ អត់បានរៀនសូត្រ។ តាមពិតទៅ ខ្ញុំត្រូវរៀន តែខ្ញុំទុកចោលការសិក្សា។ ខ្ញុំមានគ្រួសារដែលកំពុងរង់ចាំនៅផ្ទះ»។
«អ្នកគាំទ្រពិតជាអស្ចារ្យ ចៅក្រមដាក់ពិន្ទុមិនអីទេ។ ខ្ញុំបានប្រឹងអស់ពីលទ្ធភាពហើយ តែមិនអាចសម្រេចបំណងបាន។ អីចឹងហើយបានជាខ្ញុំយំ។ ចាញ់គឺចាញ់ គ្មានអ្វីត្រូវតវ៉ាទេ ចាញ់គឺចាញ់ហើយ។ កីឡាតែងតែមានឈ្នះចាញ់»។ កីឡាករហ្វីលីពីន John Mcleary Ornido បានបញ្ជាក់។
កីឡាករ John Mcleary បានរៀបរាប់ថា រូបគេធ្វើបានល្អបំផុតជាមួយកីឡាករ ចាន់ រតនា ដែលមានបទពិសោធច្រើន។ នេះក៏ជាផ្នែកមួយនៃប្រវត្តិរបស់ខ្លួនដែលបានប្រកួតជាមួយកីឡាករមានបទពិសោធច្រើន និងពិតជាសប្បាយចិត្តដែលប្រកួតជាមួយកីឡាករនៅប្រទេសផ្សេង ជាពិសេសសម្រាប់ក្បាច់គុនរបស់ប្រទេសនោះថែម។
នៅពេលសួរថា តើលោកយល់យ៉ាងណាអំពីការប្រកួតល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរ? កីឡាករបានឆ្លើយថា ៖«វាជាផ្នែកមួយនៃប្រវត្តិប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ឆត្ររបស់ប្រទេសកម្ពុជា។ យើងអាចនិយាយថា យើងប្រកួតក្បាច់គុនសតវត្ស៍ទី៩។ នោះពិតជាល្អណាស់។ វាពិតជាអស្ចារ្យណាស់ដែលបានប្រកួតជាមួយកីឡាករនៅប្រទេសផ្សេងចំពោះកីឡារបស់ពួកគេ»។
ប្រសិនបើមានឱកាសជួបលើកក្រោយទៀត កីឡាករ John Mcleary សង្ឃឹមថា រូបគេអាចផ្តួល ចាន់ រតនាបាន។ «ប្រសិនបើយើងជួបគ្នាទៀត ខ្ញុំជឿថា ខ្ញុំនឹងផ្តួលគាត់បាន។ ខ្ញុំនឹងឃ្លេគាត់ឲ្យចុះចាញ់»៕
The post កីឡាករហ្វីលីពីន John Mcleary ប្រាប់មូលហេតុដែលយំ ក្រោយចាញ់ ចាន់ រតនា appeared first on zoo666.
Source: Sport News Zoo666